ដំណើរ​ទស្សនកិច្ច​សិក្សានិស្សិត​ RULE ទៅកាន់​ខេត្ត​កំពង់​ស្ពឺ​និង​ខេត្តព្រះសីហនុ

Posted: June 22

ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំងជំនាន់ទី២៣, ២៤ និង២៥ នៃសាកលវិទ្យាល័យ​​​ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ១០០នាក់ នឹងធ្វើការរៀបចំគម្រោងដំណើរទស្សនកិច្ចសិក្សា ក្រោមអត្ថន័យមនុស្សធម៌ សង្គម និងបរិស្ថាន ទៅកាន់រមណីយដ្ឋាន​​​​​​​​​​​​    វីគិរីរម្យ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុចាប់ពីថ្ងៃទី០៤ ដល់ ០៦ ខែឧសភា ឆ្នាំ២០១៧។​ ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “Feel the Green, Feel the Warmth” ក្នុងអត្ថន័យបង្កើតក្ដីស្រឡាញ់ចំពោះធម្មជាតិ ថែរក្សាបរិស្ថាន និងផ្តល់ភាពកក់ក្ដៅតាមរយៈសាមគ្គីភាពរវាងគ្នា​​​​​​​​​​​​ និងគ្នា។

ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍និងក្រសួងអប់រំ យុវជន និងកីឡា ទស្សនកិច្ចសិក្សា​រយៈពេល ៣ ថ្ងៃនេះនឹងប្រព្រឹត្តឡើងដោយមានសកម្មភាពមួយចំនួនដូចជា៖​ ការសំអាតតាមបណ្តោយឆ្នេរ និងការរាំជាក្រុមទ្រង់ទ្រាយធំ (Flash mob)។​

គោលបំណងចម្បងគឺដើម្បីបង្ហាញពីតួនាទីយុវជនកម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាបរិស្ថាន និងផ្ដល់ជាសារក្រើនរំលឹកស្តីពីការថែទាំបរិស្ថានដល់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតាមតំបន់ឆ្នេរ។ លើសពីនេះទៀត ក្រុមនិស្សិត​នឹងរៀបចំផងដែរនូវការប្រគុំតន្តី្រខ្នាតតូចនៅលើឆ្នេរអូរឈើទាល ដោយមានវត្តមាននៃការចូលរួមទស្សនាផ្ទាល់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការតាំងពិព័រណ៍សម្ភារៈកែច្នៃឡើងវិញដោយស្នាដៃរបស់ក្រុមនិស្សិតផ្ទាល់​ និងសកម្មភាពចម្បងមួយទៀត​ដែលជាសូចនករនៃការបង្កើតកម្មវិធីនេះ គឺការដាំដើមកោងកាងក្នុងគោលបំណង​​​លើកស្ទួយ និងអភិរក្សតំបន់ឡូត៌នេសាទនៅតាមតំបន់ឆ្នេរនៃព្រះរាជាណាចក្រ​កម្ពុជា ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ក្រៅពីសកម្មភាពបរិស្ថាន ដំណើរទស្សនកិច្ចនេះក៏ផ្តោតលើកិច្ចការមនុស្សធម៌ផងដែរ។ ក្រុមនិស្សិតនឹងនាំយកនូវថវិកា ស្បៀងអាហារ សម្ភារៈសិក្សា និងសម្លៀកបំពាក់ក្នុងគោលបំណងបរិច្ចាគជូនក្មេងកំព្រា និងសិស្សក្រីក្រនៅអង្គការ “រួមដៃគ្នាដើម្បីក្តីសង្ឃឹម”  ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។