បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច




ប្រវត្តិ និងការរៀបចំបណ្ណាល័យ ស.ភ.ន.វ.ស

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច គឺជាគ្រឹះស្ថានសាធារណៈដែលផ្តល់សេវាលើវិស័យអប់រំ និងមានជំនាញបណ្តុះបណ្តាលលើផ្នែកនីតិសាស្ត្រ និងសេដ្ឋកិច្ច។ ដោយឈរលើស្មារតីនៃការកសាងធនធានមនុស្សនៅកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសាកលវិទ្យាល័យបាននឹងកំពុងខិតខំរៀបចំនូវរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីអភិវឌ្ឍគុណភាព និងប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលលើជំនាញឯកទេស។ ទន្ទឹមនឹងនេះដែរ ការរៀបចំនូវធនធានឯកសារក៏ជាយុទ្ធសាស្ត្រស្នូលមួយរបស់សាកលវិទ្យាល័យ នៅក្នុងកិច្ចដំណើរការបង្កើនគុណភាពអប់រំរបស់ខ្លួន ហើយសេនាធិការដែលទទួលខុសត្រូវលើផ្នែកនេះគឺ បណ្ណាល័យ

១. ទិដ្ឋភាពទូទៅនៃបណ្ណាល័យ ស.ភ.ន.វ.ស

បណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ត្រូវបានបង្កើតនាអំឡុង ទ.ស ទី ៨០ ដែលជាមជ្ឈមណ្ឌលផ្ទុកនូវឯកសារជាច្រើនដើម្បីបម្រើដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត និងសាស្ត្រាចារ្យ។ ស្ថានភាពនៃបណ្ណាល័យតែងតែវិវឌ្ឍន៍

ទៅតាមកាលសម័យកាល ពោលគឺចាប់ពីមានធនធានឯកសារតិចតួចផ្លាស់ប្តូរមកជាមានឯកសារយ៉ាងច្រើនសម្បូរបែប ជាមួយនិងបច្ចេកទេសកាន់តែទំនើបថែមទៀត។

គោលបំណងនៃការបង្កើតបណ្ណាល័យគឺដើម្បីផ្គត់ផ្គង់ព័ត៌មាន និងឯកសារគ្រប់ប្រភេទដល់អ្នកប្រើប្រាស់។ ក្នុងមួយឆ្នាំៗ ថ្នាក់ដឹកនាំសាកលវិទ្យាល័យបានចំណាយថវិកាយ៉ាងច្រើនដើម្បីទិញសៀវភៅ និងឯកសារផ្សេងៗសម្រាប់ដាក់បន្ថែមនៅក្នុងបណ្ណាល័យដើម្បីបំពេញតម្រូវការអ្នកអាន។ ជាទូទៅបណ្ណាល័យដើរតួនាទីយ៉ាងសំខាន់ព្រោះបណ្ណាល័យគឺជាឃ្លាំងតម្កល់នូវរាល់ឯកសារ និងជាកន្លែងផ្តល់នូវចំណេះដឹងដែល សិស្ស និស្សិត បញ្ញវន្ត ប្រើប្រាស់ដើម្បីស្រាវជ្រាវចងក្រងទុកជាស្នាដៃឬកេរ្តិ៍ដំណែលសម្រាប់មនុស្សគ្រប់រូប។       

១.១ ទីតាំង និងពេលវេលាបម្រើការរបស់បណ្ណាល័យ

បណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តកិច្ច ស្ថិតនៅជាន់ទី ២ ទី ៣ និងជាន់ទី៤ នៃអគារ I នៃបរិវេណសាកលវិទ្យាល័យ។ ស្ថិតនៅក្នុងអគារដែលទើបសាងសង់ថ្មី បណ្ណាល័យត្រូវបានរៀបចំឡើងវិញស្ទើរតែទាំងស្រុងជាមួយនឹងទីតាំងធំទូលាយ បំពាក់ដោយសម្ភារៈបរិក្ខាទំនើបរួមនិងធនធានឯកសារកាន់តែសម្បូរបែប។ ក្រៅពីនេះបណ្ណាល័យបានដាក់ឲ្យប្រើដោយសេរីនូវប្រព័ន្ធអ៊ីនធើណែតបន្ថែមទៀតដើម្បីសម្រួលដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត និងសាស្ត្រាចារ្យ។

នៅក្នុងតួនាទីជាមជ្ឈមណ្ឌលផ្ទុកឯកសារស្រាវជ្រាវ បណ្ណាល័យបើកដំណើរការសកម្មភាពរបស់ខ្លួនក្នុងរយៈពេល ៦ ថ្ងៃក្នុងមួយសប្តាហ៍ ពោលពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ និង ១១ ម៉ោងក្នុងមួយថ្ងៃ ពោលគឺចាប់ពីម៉ោង ៨ : ០០ ព្រឹក ដល់ម៉ោង ៧ : ០០ យប់។ 

១.២ សេវាកម្មបណ្ណាល័យ

បណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តកិច្ច ជាកន្លែងដែលនិស្សិត និងសាស្ត្រាចារ្យអាចប្រើប្រាស់បានដោយសេរីដោយឥតគិតថ្លៃ និងតាមតម្រូវការសម្រាប់ការសិក្សាស្រាវជ្រាវផ្សេងៗ។ ប៉ុន្តែបើនិស្សិត និងសាស្ត្រាចារ្យ ត្រូវការខ្ចីសៀវភៅពីបណ្ណាល័យ នោះគឺតម្រូវឲ្យចូលជាសមាជិករបស់បណ្ណាល័យតាមរយៈការចុះឈ្មោះធ្វើប័ណ្ណបណ្ណាល័យ ដែលប័ណ្ណនេះមានសុពលភាពដល់ដំណាច់ឆ្នាំនីមួយៗ។ តាមរយៈការចូលជាសមាជិករបស់បណ្ណាល័យ និស្សិត និងសាស្ត្រាចារ្យនឹងទទួលបានសិទ្ធិក្នុងការខ្ចីសៀវភៅ ដែលអាចខ្ចីម្តងបាន ២ ក្បាល សម្រាប់រយៈពេល ១៤ ថ្ងៃដោយពុំគិតថ្លៃ។

ក្រៅពីនេះបណ្ណាល័យបានរៀបចំនូវបន្ទប់ពិគ្រោះយោបល់សម្រាប់និស្សិត សាស្ត្រាចារ្យប្រើប្រាស់ជាលក្ខណៈក្រុម សម្រាប់ការពិភាក្សាគ្នា ហើយនៅក្នុងបន្ទប់នេះមានបំពាក់នូវ LCD Projector ដើម្បីសម្រួលដល់ការពិភាក្សាក្រុមផងដែរ។

២. រចនាសម្ព័ន្ធបណ្ណាល័យ R.U.L.E.

បណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ត្រូវបានបែងចែកជាបី ផ្នែកដើម្បីតម្រូវទៅតាមជំនាញឯកទេសនៃការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ ដែលរួមមាន បណ្ណាល័យនីតិសាស្រ្ត បណ្ណាល័យសេដ្ឋកិច្ច និងបណ្ណាល័យអេឡិចត្រូនិច។

២.១ បណ្ណាល័យនីតិសាស្ត្រ

បណ្ណាល័យនីតិសាស្ត្រ ឬ យើងអាចហៅខ្លីបានថាបណ្ណាល័យច្បាប់ គឺជាបណ្ណាល័យឯកទេសផ្នែកនីតិសាស្ត្រ ឬ ច្បាប់។ ស្ថិតនៅជាន់ទី ២ នៃអគារ I បណ្ណាល័យនីតិសាស្ត្រផ្ទុកនូវធនធានឯកសារប្រមាណជាជាង ១ ម៉ឺនក្បាលដោយចែកចេញជា ៣ ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង រួមមានឯកសារជាសារណា របាយការណ៍ស្រាវជ្រាវ និក្ខេបបទ លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា សៀវភៅទ្រឹស្តីច្បាប់ និងសៀវភៅផ្សេងៗជាច្រើនទៀត។

២.២ បណ្ណាល័យសេដ្ឋកិច្ច

ស្ថិតនៅជាន់ទី ៣ នៃអគារ I មិនខុសពីបណ្ណា​​ល័យនីតិសាស្ត្រ បណ្ណាល័យសេដ្ឋកិច្ច គឺជាបណ្ណាល័យឯកទេសផ្នែកសេដ្ឋកិច្ច មានន័យថាបណ្ណាល័យនេះគឺជាមជ្ឈមណ្ឌលដែលស្តុកទុកនូវធនធានឯកសារស្ទើរតែទាំងស្រុងផ្នែកសេដ្ឋកិច្ច និងមានឯកសារជាង ១ ម៉ឺនក្បាលសម្រាប់បំពេញតម្រូវការស្រាវជ្រាវរបស់និស្សិត និងសាស្ត្រាចារ្យ។

២.៣ បណ្ណាល័យអេឡិចត្រូនិច

ជាសមាជិកនៃបណ្ដាញសាកលវិទ្យាល័យអាស៊ាន (ASIAN UNIVERSITY NETWORK = AUN) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានរៀបចំបង្កើតឲ្យមានបណ្ណាល័យថ្មីមួយទៀតនៅគឺបណ្ណាល័យអេឡិចត្រូនិច។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា បណ្ណាល័យអេឡិចត្រូនិច បានចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មលើវិស័យស្រាវជ្រាវឯកសារតាមប្រព័ន្ធអ៊ីនធើណែត។ ស្ថិតនៅជាន់ទី៤ នៃអគារ I បណ្ណាល័យនេះជាមជ្ឈមណ្ឌលធនធានឯកសារទាក់ទងទៅនឹងប្រព័ន្ធបច្ចេកវិទ្យា និងបំពាក់នូវកុំព្យូរទ័រជាច្រើនគ្រឿងទៀតសម្រាប់ និស្សិត និងសាស្ត្រាចារ្យប្រើប្រាស់ដើម្បីស្រាវជ្រាវ។

៣. បណ្ណាល័យ និងសមាហរណកម្មបច្ចេកវិទ្យា

ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យ បណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សជាមួយនិងការដាក់ឲ្យដំណើរការនូវកម្មវិធីទំនើបដើម្បីគ្រប់គ្រងដំណើរការប្រព្រឹត្តទៅរបស់បណ្ណាល័យ។ ជាលទ្ធផលដំណាក់កាលដំបូងបណ្ណាល័យបានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការគ្រប់គ្រងបណ្ណាល័យដ៏ទំនើបមួយរបស់ពិភពលោកដែលហៅថា Koha ដែលបានធ្វើឲ្យការងារគ្រប់គ្រងបណ្ណាល័យកាន់តែមានភាពស្រួល ជាមួយនិងការស្វែងរកសៀវភៅ រក្សាទិន្នន័យសៀវភៅ គ្រប់គ្រងការខ្ចីសង ជាមួយមុខងារសំខាន់ៗជាច្រើនទៀត។ ទន្ទឹមនឹងនេះបណ្ណាល័យក៏បានរៀបចំជាគម្រោង E-Library រួចរាល់ហើយ ដែលតាមរយៈគម្រោងនេះនឹងអនុញ្ញាតឲ្យ និស្សិត និងសាស្ត្រាចារ្យ អាចប្រើប្រាស់បណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធើណែតបានយ៉ាងងាយស្រួល។



Patron Login

ណែនាំពីការប្រើប្រាស់សេវាបណ្ណាល័យ


ក្រុមស្រាវជ្រាវផ្នែកសេដ្ឋកិច្ច


ក្រុមស្រាវជ្រាវបណ្ណាល័យ