បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

Library of Royal University of Law and Economics

DETAIL


  កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ

   កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៦៦ និងបានចូលជាធរមាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧៦។ ប្រទេសកម្ពុជាបានចុះហត្ថលេខាលើកតិកាសញ្ញានេះនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៨០ ហើយបានផ្តល់សច្ចាប័ននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៩២ និងចូលជាធរមាននៅប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩២។

   កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ គឺជាសន្ធិសញ្ញាអន្តរជាតិមួយ ក្នុងចំណោមសន្ធិសញ្ញាអន្តរជាតិពីរ ដែលត្រូវព្រាងឡើង ដើម្បីផ្តល់អានុភាពតាមផ្លូវច្បាប់ដល់សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ ១៩៤៨។ ចេតនាដើម គឺចង់ព្រាងសន្ធិសញ្ញាសិទ្ធិមនុស្សតែមួយប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារតែនិន្នាការនយោបាយខុសគ្នាក្នុងសហគមន៍អន្តរជាតិនាពេលនោះ ទើបដំណោះស្រាយដែលអាចចេញរួច គឺការព្រមព្រៀងគ្នាសន្ធិសញ្ញាចំនួនពីរស្របគ្នា។ ហេតុដូច្នេះកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ គឺជាកញ្ចក់ឆ្លុះជាមួយនិងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

   ដោយមិនគិតពី ការបែងចែកសិទ្ធិមនិស្សជាពីរកតិកាសញ្ញា ដាច់ពីគ្នា និងការអនុម័តជាបន្តបន្ទាប់នូវសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលគ្រប់ដណ្តប់លើវិស័យផ្សេងៗគ្នា អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើពាក្យ "សកលភាព ភាពទាក់ទងគ្នា និងភាពពុំនាក់អាស្រ័យគ្នា" នៃសិទ្ធិមនុស្សទាំងអស់។ និយាយម្យ៉ាងទៀត សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ មិនសំខាន់ជាងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហើយសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏មិនសំខាន់ជាងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែរ។ មនុស្សទាំងអស់មានសិទ្ធិទទួលបានសិទ្ធិមនុស្សទាំងអស់ស្នើគ្នា។

   គោលការណ៍ទូទៅនៅក្នុងកតិកាសញ្ញានេះរួមមាន ៖

   - សិទ្ធិស្វ័យសម្រេចរបស់ប្រជាជនទាំងអស់ដើម្បីធ្វើសេចក្តីសម្រេចពីឋានៈ នយោបាយរបស់ខ្លួន ដោយសេរី និងដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

   - គោលការណ៍នៃការមិនរើសអើង ក្នុងការអនុវត្តសិទ្ធតាមកតិកាសញ្ញា

   - គោលការណ៍សមភាពរវាងបុរស និងស្ត្រី ក្នុងការអាស្រ័យសិទ្ធិទាំងនេះ

   ប្រភពឯកសារ ៖ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធពលរដ្ឋ និងសិទ្ធិនយោបាយ និងពិធីសារបន្ថែម របស់ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា

   http://ebooks.libraryrule.com/images/pdf_file_item/d51b90c21ff0279b4a8ddb831a718c1e.pdf