បណ្ណាល័យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

Library of Royal University of Law and Economics

DETAIL


អនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម     

   កុមារមានសិទ្ធិឲ្យគេប្រព្រឹត្តទៅលើដូចមនុស្សពេញវ័យដទៃទៀតដែរ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូ សមភាព និងសុវត្ថិភាព។ ក្នុងពេលជាមួយគ្នានេះដែរ កុមារក៏មានសិទ្ធិពិសេសបន្ថែម ដោយសារតែពួកគេមានវ័យក្មេង និងងាយរងគ្រោះ។ កុមារនឹងមិនអាចរស់រាន និងឈានដល់សក្កានុពលពេញលេញ បើគ្មានជំនួយ និងការសហការពីមនុស្សពេញវ័យ។ គោលបំណងនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ គឺបង្កើតជាបទដ្ឋានសម្រាប់ការពារកុមារប្រឆាំងនឹងការទុកចោលមិនយកចិត្តទុកដាក់ ការរំលោភបំពាន ការកេងប្រវ័ញ្ច និងការរើសអើងដែលខ្លួនជួបប្រទះ ក្នុងកម្រិតផ្សេងៗជារៀងរាល់ថ្ងៃនៅគ្រប់ប្រទេស។ កុមារត្រូវគេទទួលស្គាល់ជាមនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំ លើកលែងតែច្បាប់របស់ប្រទេស ចែងពីអាយុពេញវ័យដែលគេសន្មតរហ័សជាង។

   អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជាសន្ធិសញ្ញាអន្តរជាតិដែលមានចែងពីបទដ្ឋានអប្បបរមាជាសកល និងពីគោលការណ៍សីលធម៌សំរាបការប្រព្រឹត្តលើកុមារនៅក្នុងសង្គម។ អនុសញ្ញានេះ គឺជាសេចក្តីថ្លែងការណ៍លម្អិតមួយពីសិទ្ធិទាំងឡាយដែលកុមារគ្រប់ទិសទីត្រូវទទួលបាន ហើយរួមបញ្ចូលសិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ដែលពាក់ព័ន្ធនឹងកុមារ។

   នៅក្នុងអតីតកាល កុមារត្រូវបានគេចាត់ទុកជាអ្នករងអំពើ ឬ កម្មវត្ថុដែលត្រូវប្រព្រឹត្តលើប៉ុណ្ណោះ។ ប៉ុន្តែឥលូវនេះ អនុសញ្ញាស្តីពីសិទ្ធិកុមារ ទទួលស្គាល់ថាកុមារជាមនុស្សដែលមានសិទ្ធិរបស់គេផ្ទាល់ គីជាសិទ្ធិដែលគេទទួលបានអាស្រ័យដោយគេកើតជាមនុស្ស។ កុមារអាចទាមទារសិទ្ធិរបស់ខ្លួនពីអ្នកមានភារកិច្ចដូចជា ឪពុក ម្តាយ និងរដ្ឋ ជាពិសេសមន្ត្រីនគរបាល និងតុលាការដែលមានភារកិច្ចគោរព ការពារ និងបំពេញតាមសិទ្ធិរបស់់កុមារ។

   ដូចសិទ្ធិមនុស្សទាំងអស់ដែរ សិទ្ធិកុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារមិនអាចបំបែកចេញពីគ្នាបានទេ។ នេះមានន័យថាសិទ្ធិទាំងអស់មានទំនាក់ទំនងគ្នា ហើយពុំមានសិទ្ធិណាមួយសំខាន់ជាងសិទ្ធិណាឡើយ។ ទោះជាយ៉ាងណាក៏ដោយ អនុសញ្ញាស្តីពីសិទ្ធិកុមារ យកចិត្តទុកដាក់ចំពោះភាគខុសគ្នានៃវប្បធម៌ នយោបាយនិងស្ថានភាពពិតខាងផ្នែកសម្ភារៈក្នុងចំណោមរដ្ឋនានា។ អ្វីដែលត្រូវយកមកពិចារណាជាចម្បងបំផុតនោះគឺឧត្តមប្រយោជន៍របស់កុមារ។

   អនុសញ្ញាស្តីពីសិទ្ធិកុមារ ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ គឺជាថ្ងៃដែលប្រារព្ធដោយសហប្រជាជាតិធ្វើជាទិវាកុមារសកល។ ព្រះរាជាណាចក្រកម្ពុជាបានចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅឆ្នាំ១៩៩២។ តាមរយៈការចូលជាភាគីនេះ ព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាខ្លួន ការពារ និងបំពេញតាមសិទ្ធិនានារបស់កុមារទាំងអស់នៅកម្ពុជា។

   គោលការណ៍ណែនាំសម្រាប់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ រួមមាន បួន គឺ ៖

    - ឧត្តមប្រយោជន៍កុមារ

    - ការមិនរើសអើង

    - សិទ្ធិមានជីវិត សិទ្ធិរស់រាន់មានជីវិត និងសិទ្ធិអភិវឌ្ឍន៍

    - ការគោរពទស្សនៈកុមារ

   សិទ្ធិកុមាររួមមាន ៖

    - សិទ្ធិរស់រានមានជីវិត

    - សិទ្ធិអភិវឌ្ឍន៍

    - សិទ្ធិទទួលបាននូវការការពារ

    - សិទ្ធិចូលរួម

http://ebooks.libraryrule.com/images/pdf_file_item/d2c7e6e8016472e14ae2ed440c6080d5.pdf